ស្ថិតនៅតាមបណ្តោយផ្លូវប្រវែងប្រហែល៣០០មែត្រ នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទំនប់ជ្រួយចេក ដែលកើតឡើងពីស្នាដៃរបស់ប៉ុលពត ក្នុងឆ្នាំ១៩៧៩ ។
បងប្រុស រស់ ដៃកំពុងរវល់ជជុះសំណាញ់ចាប់ត្រី បានប្រាប់ភ្នាក់ងារ Sabay បន្តើរៗថា “បឹងទំនប់ជ្រួយចេកនេះ ជាជង្រុកត្រី ដែលប្រជាជនមិនតិចជាង ២០ភូមិដែលមករកត្រីនៅទីនេះ ហើយទឹកបឹងនេះគឺបម្រើដល់របរកសិកម្មរបស់ប្រជាជនដែលមានភូមិជុំវិញបឹង ក្នុងការធ្វើស្រែសម្រកទឹក ។ ពេលខែវស្សា ទំនប់នេះមានផ្ទៃធំល្វឹងល្វើយ នឹងសំបូរដោយមច្ឆាជាតិ និងពេលទឹកស្រក មានមនុស្សច្រើនកុះករស្ទើតែពេញបឹងនេះ មករកត្រី ” ។
បងប្រុសអ្នកនេសាទគ្រួសារខាងលើបានបន្តថា “បឹងនេះគាត់ធ្លាប់ឃើញរីងទឹកម្តងគត់គឺ ដោយសារប្រជាជនបូបទឹកដាក់ស្រែ ហើយពីមុនៗមកមិនដែលរីងសោះ ទើបតែឆ្នាំនេះរីង ហើយរីងខ្លាំងទៀតផង នេះដោយសារអាកាសធាតុក្តៅហែង មិនតែប៉ុណ្ណោះ ត្រីស្ទើតែសូន្យហើយ ” ។
“ពេលទឹករីងបែបនេះ ប្រជាជនខ្លះមិនព្រមរកត្រីដោយរបរធម្មជាតិទេ តែពួកគេប្រើ ឧបករណ៍ឆក់ទើបបណ្តាលឱ្យត្រីត្រូវហិនហោច ទាំងតូចទាំងធំ” បងប្រុស ថ្លែង ។